សត្វកម្រជាច្រើន ត្រូវបានរកឃើញមានវត្តមាន ក្នុងឧទ្យានជាតិវិរៈជ័យ ខេត្តរតនគិរី …

សត្វកម្រជាច្រើន ត្រូវបានរកឃើញមានវត្តមាន ក្នុងឧទ្យានជាតិវិរៈជ័យ ខេត្តរតនគិរី …

(ភ្នំពេញ)៖ ប្រភេទសត្វកម្រជាច្រើន ត្រូវបានរកឃើញមានវត្តមាន ក្នុងឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន១២គ្រឿង ដែលមន្ត្រីឧទ្យានុរក្សបានដាក់ថត តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២០។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ស បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃ ក្នុងឧទ្យានជាតិវីរៈជ័យ ហើយតាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេទទួលបានលទ្ធផល ដ៏មានសារៈសំខាន់។

ម៉ាស៉ីននោះបានថតសត្វព្រៃប្រភេទសត្វកម្រ ជាច្រើនរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះ ឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រ ដូចជាមាន់ទោពណ៌ប្រាក់ និងកេងកងជាដើម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ និងអភិរក្ស។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានកត់សម្គាល់ថា នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ វត្តមានសត្វព្រៃមានកំណើនឡើង រួមទាំងប្រភេទសត្វកម្រ និងជិតផុតពូជមួយចំនួនផង ដោយសារតែការខិតខំអភិរក្ស និងការពារជម្រកសត្វព្រៃរបស់កម្លាំងមានសមត្ថកិច្ច។

លោក នេត្រ ភក្ត្រា បានថ្លែងថា វត្តមានសត្វព្រៃទាំងអស់នេះ គឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវៈចម្រុះ របស់ពិភពលោក ដោយសារតែប្រភេទសត្វមួយចំនួនដែរជិតផុតពូជពីលើពិភពលោក ប៉ុន្តែមានវត្តមាននៅក្នុងព្រៃ នៃប្រទេសកម្ពុជា។

លោកបញ្ជាក់ថា យោងតាមការចាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN) ខ្លាពពក ខ្លាឃ្មុំ តេះ ខ្ទីង និងសត្វកេងកង ដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យ ត្រូវបានចាត់ចូលជាប្រភេទ ងាយរងគ្រោះថ្នាក់ (VU) ដែលមានន័យថា វាអាចឈានទៅរកការវិនាសផុតពូជ ក្នុងព្រៃធម្មជាតិ ខ្លាភ្ញីថ្មកែវ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់ (NT) ដែលមានន័យថា វាអាចឈានទៅជាប្រភេទ ងាយរងគ្រោះថ្នាក់ផងដែរ នៅពេលខាងមុខ។ ដោយឡែកឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោពណ៌ប្រាក់ ត្រូវបានចាត់ចូលជាប្រភេទ រងគ្រោះថ្នាក់តិចតួច (LC) ដែលមានន័យថា វាមិនទាន់ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ ដូចខាងលើនៅឡើយ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះ ដែលបានបង្ហាញ វត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ, ឧរង្គសត្វ៨៨ប្រភេទ, រុក្ខជាតិតូចៗ (vascular plants) ២,៣០៨ប្រភេទ, ត្រី៨៧៤ប្រភេទ, ផ្កាថ្មរឹង ២៤ប្រភេទ, ផ្កាថ្មទន់ ១៤ប្រភេទ, ស្មៅសមុទ្រ ១០ប្រភេទ និងថលជលិក ៦៣ប្រភេទ។ នៅមានវត្តមាន ប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។

មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដូចជា ថនឹកសត្វ ៣៩ប្រភេទ ក្នុងនោះប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះរួមមាន៖ ដំរីអាស៊ី ខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស រមាំង កែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចផ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃ រីឯសត្វស្លាប ៣៦ ប្រភេទដែលជិតផុតពូជ និងងាយរងគ្រោះរួមមានត្រយងយក្ស ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្រផលក្បាលក្រហម អង្កត់ខ្មៅជាដើម ឧរង្គសត្វ ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និងថលជលិក១២ប្រភេទ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងទៀតថា ប្រភេទសត្វព្រៃ កំពុងទទួលរងការគំរាមកំហែងដោយ ការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រក បណ្តាលមកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃ ដើម្បីយកជាកមមសិទ្ធិជាដើម ដែលទាមទារឲ្យមាននូវការការពារមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហេតុដូចនេះហើយ បានជាក្រុមមន្រ្តីឧទ្យានុរក្ស នៃតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា បានខិតខំបំពេញការងារចុះល្បាតជាប្រចាំ នៅតាមចំណុចគោលដៅ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលនេះមិនមែនត្រឹមតែជាកាតព្វកិច្ចការងារ តែជាការលះបង់ និងជាវីរភាព ឈរលើស្មារតីទទួលខុសត្រូវក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ប្រកបដោយភាពអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាបាននូវការការពារជីវៈចម្រុះរបស់ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាសម្រាប់ពិភពលោក។

លោក នេត្រ ភក្ត្រា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ជីវិតសត្វ និងរុក្ខជាតិតូចធំ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរក្សាឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ ទៅមុខទៀត។ លោកបានថ្លែងថា ក្នុងការសង្គ្រោះសត្វព្រៃ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យានុរក្សដែលបានឈរជើងការពារតំបន់ការពារធម្មជាតិនានា បានដោះអន្ទាក់ចេញពីក្នុងព្រៃបាន ចំនួន ១៧,១៧៥ អន្ទាក់កាលពីឆ្នាំ២០១៩ កន្លងទៅគឺមាន ការកើនឡើងជាងឆ្នាំ២០១៨ ចំនួន៥,០០០អន្ទាក់។ ខេត្តដែលបានដោះអន្ទាក់បានច្រើនជាងគេ គឺខេត្តកោះកុង ដែលមានចំនួន ៧,០៧៤អន្ទាក់ នៅឆ្នាំ២០១៩។

លោកបានថ្លែងថា «សត្វព្រៃ និងរុក្ខជាតិ ដែលមាននៅលើ ភពផែនដីនេះ គឺពិតជាមានសារៈប្រយោជន៍មិនអាចកាត់ថ្លែបាន ផ្នែកប្រព័ន្ធអេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ ផ្សាភ្ជាប់នឹងជីវិតរស់នៅរបស់មនុស្សនិងការអភិវឌ្ឍដោយចីរភាពផងដែរ»។ លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សត្វព្រៃ និងសត្វស្លាបមួយចំនួន ដែលពិភពលោកជិតផុតពូជ គឺមានវត្ត មាននៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា និងបានអំពាវនាវឲ្យ ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់សត្វចាប់សត្វព្រៃខុសច្បាប់ ដែលត្រូវប្រឈមនឹងច្បាប់។ រដ្ឋលេខាធិការរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំបរិភោគ សាច់សត្វព្រៃព្រោះមានមេរោគ និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព។ លោកបន្តថា ក្រោយពីការផ្ទុះជំងឺកូវីដ១៩ ប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសត្វព្រៃ។

លោកបានថ្លែងថា តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ការបរិភោគសាច់សត្វ ព្រៃមិនមានប្រយោជន៍សម្រាប់សុខភាពទេ ប៉ុន្តែអាចប្រឈមនឹង ជំងឺឆ្លងផ្សេងៗ ក៏ដូចជាចម្លងមេរោគផងដែរ។ លោកបន្តថា មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាខេត្តនានា បានចុះពិនិត្យជាប្រចាំនៅ តាមទីផ្សារនានា និងនៅតាមភោជនីយដ្ឋាន មិនអនុញ្ញាតិឲ្យលក់សាច់សត្វព្រៃឡើយ។ លោកថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើឃើញមាន ការលក់សាច់សត្វព្រៃ ការបរបាញ់សត្វព្រៃ សូមទាក់ទងមកមន្ត្រីជំនាញដើម្បីចាត់វិធានការតាមច្បាប់»។

លោក នេត្រ ភក្ដ្រា បានគូសបញ្ជាក់សាជាថ្មី នូវការតាំងចិត្តខ្ពស់របស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់។ «កម្ពុជា ក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិ គឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិ ជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់»។

លោក នេត្រ ភក្ត្រា បានបន្ថែមថា «កម្ពុជាបាននិងកំពុង ចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជា ក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេស ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរ នៅលើពិភពលោក»។

លោកបញ្ជាក់ថា កម្ពុជាបានរៀបចំយន្តការក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃ នៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ និងការធ្វើកិច្ចសន្យាបញ្ឈប់សក្មភាពជាដើម៕ #FN