លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរៀបចំពិធីបួងសួង ដើម្បីបន្តការសាងសង់ប្រាសាទនៅចំកណ្តាលស្រះស្រង់…

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរៀបចំពិធីបួងសួង ដើម្បីបន្តការសាងសង់ប្រាសាទនៅចំកណ្តាលស្រះស្រង់…


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងដើម្បីបន្តការសាងសង់ប្រាសាទកណ្តាលស្រះស្រង់ ព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២០ ។

ក្នុងពិធីនោះរួមមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវរួមជាមួយ ឯកឧត្តម លោកជំទាវនិងមន្ត្រីរាជការជុំវិញខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។

លោកកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ និងត្រូវចេះរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ដែលជាមរតករបស់ដូនតាយើងក្នុងតំបន់នេះឲ្យបានគង់វង្សជានិច្ចនិរន្ត។

គួររំលឹកផងដែរថា កាលពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង និងរូបចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕