អង់គ្លេស បន្តផ្អាកការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់រហូតថ្ងៃទី០១ ខែមិថុនា…

អង់គ្លេស បន្តផ្អាកការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់រហូតថ្ងៃទី០១ ខែមិថុនា…

(ឡុងដ៍)៖ រាជរដ្ឋាភិបាលនៃប្រទេសអង់គ្លេស បានបន្តដាក់បម្រាមទៅលើគ្រប់ប្រភេទកីឡាទាំងអស់មិនឲ្យធ្វើសកម្មភាព រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដោយសារតែបញ្ហាជំងឺ COVID-19 នៅប្រទេសនេះពុំទាន់ស្រាកស្រាន្តនៅឡើយ។

រាជរដ្ឋាភិបាលនៃប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះ បានបន្តដាស់តឿនក្រើនរំលឹកជាថ្មីថា រាល់សកម្មភាពកីឡាទាំងឡាយត្រូវតែបន្តផ្អាក និងរង់ចាំយ៉ាងហោចណាស់ដល់ដើមខែថ្មីខាងមុខ បើទោះបីជាការ ប្រព្រឹត្តទៅដោយបិទទ្វារកីឡដ្ឋានក៏ដោយ។

នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានថ្លែងចេញពីវិមានរបស់លោកកាលពីថ្ងៃចន្ទកន្លងមកថា «ព្រឹត្តិការណ៍កីឡាទាំងឡាយនឹងត្រូវបន្តផ្អាក បើទោះបីជាប្រកួតបិទទ្វារក៏ដោយ ដើម្បីបញ្ចៀសការជួបជុំ។ ការបើកកន្លែងទាំងនេះ ចៀសមិនផុតឡើយពីការប្រមូលផ្តុំមនុស្ស»។

ដូចគ្នានោះដែរ ថ្នាក់ដឹកនាំនៃក្លឹបលេងនៅ Premier League ក៏បានធ្វើការពិភាក្សាគ្នានៅថ្ងៃចន្ទម្សិលមិញផងដែរ ដើម្បីកំណត់យកកាលបរិច្ឆេទច្បាស់លាស់ ដើម្បីប្រកួតបិទរដូវកាលសម្រាប់ ៩ប្រកួតដែលនៅសល់ ស្មើនឹង៩២ប្រកួតសរុប ក្នុងចំណោម ៣៨០ប្រកួតទាំង ២០ក្រុមនារដូវកាលឆ្នាំ២០១៩-២០២០ នេះ ក្រោយរួចបម្រាមជួបជុំនាខែមិថុនាខាងមុខ៕ #FN